គណបក្ស​សង្គ្រោះ​ជាតិ ដែល​គ្មាន​សម រង្ស៊ី ជា​អចិន្ដ្រៃយ៍​ ​

    ករណីលោកសម រង្ស៊ី គួរដាក់ឱ្យឈរឈ្មោះ ឬមិនគួរនោះ ហាក់បានក្លាយ ជាឆ្អឹងស្លាក់បំពង់កគណបក្សសង្គ្រោះជាតិ ខណៈដែលពេលវេលាចុះឈ្មោះ គណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតកាន់តែ ជិតផុតទៅហើយ។

    រហូតមកទល់នឹងរសៀលថ្ងៃទី៩ឧសភានេះ បញ្ហាដែលថាតើត្រូវមាន ឈ្មោះលោកសម  រង្ស៊ី នៅក្នុងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតដែរឬអត់ គឺមិន ទាន់សម្រេចទេ ។ ទិដ្ឋភាពនេះបានបង្ហាញប្រាប់ថាគណបក្ស សង្គ្រោះ ជាតិមិនបានត្រៀមខ្លួនឱ្យល្អសោះ សម្រាប់ចូលរួមប្រកួតនាថ្ងៃ២៨ កក្កដាខាងមុខនេះ ដែលផ្ទុយ ទាំងស្រុងទៅនឹងគណបក្សប្រជាជនកម្ពុជា ដែលគណបក្សសង្គ្រោះជាតិចង់ ប្រជែងជាមួយ:បើតាមសម្ដេចតេជោហ៊ុន សែន អនុប្រធាន គណបក្សប្រជាជនកម្ពុជា ផែនការសកម្មភាពសម្រាប់ការបោះឆ្នោតខែកក្កដាខាងមុខនេះ គណបក្ស ប្រជាជនរៀបចំរួចរាល់យូរមកហើយ ហើយអ្វីដែលគណបក្សមួយនេះកំពុងធ្វើគឺការត្រៀមសម្រាប់ការបោះឆ្នោតមួយទៀតនាឆ្នាំ ២០១៨ ។

    ករណីលោកសមរង្ស៊ីឈរឈ្មោះ ឬមិនឈរឈ្មោះ គួរណាស់តែត្រូវបាន សម្រេចតាំងពីថ្ងៃប្រកាសបង្កើតបក្សសង្គ្រោះជាតិ ឬនិយាយឱ្យច្បាស់ទៅគឺតាំងពីពេលដែលសាលក្រមផ្ដន្ទាទោសលោកសម រង្ស៊ីចូលជាធរមានម្ល៉េះ ។
    អ្នកយុទ្ធសាស្ដ្ររបស់គណបក្សសង្គ្រោះជាតិត្រូវតែដឹងថា លទ្ធភាពដែល លោកសម រង្ស៊ី អាចមកឈរឈ្មោះបានដោយមិនអនុវត្ដទោសក្នុងគុក គឺពិតជា គ្មានទាល់តែសោះឡើយ ។ សម្រាប់រឿងមួយនេះមេដឹកនាំគណបក្ស ប្រជាជន កម្ពុជាបានបញ្ជាក់ជំហររបស់ពួកគាត់រួចហើយ គឺសូមឱ្យអនុវត្ដតាមច្បាប់ បានន័យ ថាគ្មានការ "សម្របសម្រួលនយោបាយ"  ឱ្យលោកសម រង្ស៊ី វិលវិញទេ ។

    ជម្រើសមួយសម្រាប់ការបោះឆ្នោតឆ្នាំនេះ ដែលគ្មានវត្ដមានលោកសម រង្ស៊ី គប្បីត្រូវបានរៀបចំយូរមកហើយ មិនមែនមកទល់ថ្ងៃនេះទៅហើយទើបតែ មកជជែកគ្នានោះឡើយ ។
    តាមពិតទៅមនុស្សធម្មតាម្នាក់ ដែលតាមដានស្ថានការណ៍នយោបាយក្នុង ស្រុកខ្មែរ ពិតជាអាចយល់បានថា លោកសម រង្ស៊ី ពិតជាមិនអាចទៅរួចទេ ។ តាម "ព្រឹត្ដិន័យ" (De Facto) លោកសម រង្ស៊ី ជាសន្លឹកបៀដែលត្រូវ បានធីបចោលរួច ទៅហើយ ហើយមេដឹកនាំពិតប្រាកដរបស់គណបក្សសង្គ្រោះជាតិគឺប្រធានស្ដីទី កឹម សុខា ។

    ពួកអ្នកវិភាគនិយាយថា ករណីលោកសម រង្ស៊ី គឺច្បាស់ក្រឡែតដូច្នេះឯង ប៉ុន្ដែការដែលគណបក្សសង្គ្រោះជាតិនិយាយថា ខ្លួនឥឡូវនេះកំពុងតែពិភាក្សាឱ្យ លោកសម រង្ស៊ី ឈរឈ្មោះ ឬមិនឱ្យនោះ គឺគ្រាន់តែជា "ការសម្រួល ចិត្ដផ្ទៃក្នុង" តែប៉ុណ្ណោះ ។ វាមានកម្លាំងមួយដែលចង់ឱ្យយកលោកសម រង្ស៊ី ធ្វើជាឧបសគ្គ សម្រាប់ការបោះឆ្នោតខាងមុខ ហើយរំពឹងថានឹងមានការងើបឡើងតវ៉ាមួយរបស់ មហាជន ដែលនឹងធ្វើឱ្យស្ថានការណ៍ស្រុកទេសច្របូក ច្របល់ឈានទៅមាន "ការសម្របសម្រួលនយោបាយ" មួយនាំសម រង្ស៊ីចូលស្រុកវិញ ។

     ប៉ុន្ដែកម្លាំងមួយផ្សេងទៀតក្នុងគណបក្សសង្គ្រោះជាតិបាននិងកំពុងជំរុញវាសនាគណបក្សមួយ នេះដោយគ្មានវត្ដមានលោកសម រង្ស៊ី បានន័យថាត្រូវតែចូលបោះឆ្នោត ព្រោះ គេយល់បានថាការបំផុសចលនាមហាជន ក្នុងរឿងមួយនេះមិនទទួលលទ្ធផល ឡើយ ។ គណបក្សសង្គ្រោះជាតិបានសាកល្បងកោះហៅមហាបាតុកម្មមួយកាលពី ប៉ុន្មានថ្ងៃមុននេះ ដើម្បីតវ៉ាជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ។ ពេលនោះមានមនុស្សតែជាង១ ពាន់នាក់តិចតួចប៉ុណ្ណោះដែលចូលរួម ក្នុងពេល ដែលគេគ្រោងថានឹងហៅឱ្យបានមនុស្ស៥.០០០នាក់ ។

    ដូចបាននិយាយខាងលើ តាមព្រឹត្ដិន័យ លោកកឹម សុខា គឺជាប្រធានបក្ស សង្គ្រោះជាតិ ក្រោមស្លាកប្រធានស្ដីទី ប៉ុន្ដែលោកកឹម សុខា បានយល់ថា លោក សម រង្ស៊ី និងអ្នកគាំទ្រគាត់ក្នុងបក្សមិនទាន់អស់ចិត្ដទេ ហេតុនេះ ហើយបានជា លោកកឹម សុខា ប្រើប្រាស់វិធីអូសបន្លាយពេលចុះឈ្មោះគណបក្ស និងបញ្ជីឈ្មោះ បេក្ខជន ជាមួយហេតុផលថាកំពុងពិចារណាពីករណីលោកសម រង្ស៊ីឈរឈ្មោះ ឬមិនឈរឈ្មោះ ។ លោកកឹម សុខាចង់ឱ្យពេលវេលា ជួយដោះស្រាយគាត់ ។

    គណបក្សសង្គ្រោះជាតិកំពុងតែផ្សងគ្រោះថ្នាក់មួយ នោះគឺការតស៊ូផ្ទៃក្នុង អំពីករណីលោកសម រង្ស៊ី ។ សាលក្រមផ្ដន្ទាទោសលោកសម រង្ស៊ី ដែលចូលជា ស្ថាពរហើយនោះ ហើយនិងការដែលរដ្ឋសភាលុបឈ្មោះលោកសម រង្ស៊ីចេញពី បញ្ជីអ្នកតំណាងរាស្ដ្រនីតិកាលទី៤ ព្រមទាំងការលុបឈ្មោះលោកសម រង្ស៊ី ពីបញ្ជីឈ្មោះបោះឆ្នោតដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត វាជាការ ហុចដងដាវឱ្យលោកកឹម សុខា សម្រាប់ការប្រកួតប្រជែងផ្ទៃក្នុង រវាងគាត់និង លោកសម រង្ស៊ី ។ ប្រធានបក្ស និងប្រធានស្ដីទីបក្សមានភាពផុយស្រួយមែនទែន ហើយប្រសិនបើយើងងាកទៅមើលប្រវត្ដិលោកកឹម សុខា ក្នុងគណបក្សលោកតា សឺន សាន យើងនឹងឃើញថា លោកកឹម សុខាមិនដែលទុក ឱ្យឱកាសឡើងដល់ ចំណុចកំពូលរំលងហួសងាយៗពីដៃគាត់ឡើយ ។
    មានមិត្ដភក្ដិខ្លះរបស់លោកសម រង្ស៊ី បានលួចដកដង្ហើមធំ ព្រោះតែគេមើល ឃើញពីគណបក្សសង្គ្រោះជាតិមួយដែលគ្មានសម រង្ស៊ីជាអចិន្ដ្រៃយ៍ ៕ ប.សីហា

Additional information