មិន​ទទួលស្គាល់ថា​មាន​ឧក្រិដ្ឋកម្ម​ខ្មែរក្រហម មិន​អាចជា​សេរីភាព​នៃ​ការបញ្ចេញមតិ​ទេ​ ​

    វាគឺជាការគួរឱ្យភ្ញាក់ផ្អើលមួយ ខណៈដែលមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (ម.ស.ម.ក) មិនឯកភាពចំពោះការបង្កើតច្បាប់“ការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្មដែលប្រព្រឹត្ដឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” ដែលហាក់ បង្ហាញឱ្យឃើញនូវរបៀបវារៈនយោបាយនៅពីក្រោយជំហរមួយនេះ និងបង្ហាញឱ្យឃើញពី កង្វះខាតឡូហ្សិកដ៏ធំ។    លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយក្នុងសេចក្ដី ប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌល ចេញពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៣ថា “ម.ស.ម.ក មិនបដិសេធចំពោះឧក្រិដ្ឋកម្មទាំងឡាយណាដែលបានកើតឡើងនៅ កម្ពុជាក្នុងសម័យខ្មែរក្រហមនោះទេ ប៉ុន្ដែយើងមិនឃើញថាមានភាពចាំបាច់ក្នុង ការបង្កើតច្បាប់ដើម្បីហាម ឃាត់ការមិនទទួលស្គាល់បែបនេះទេ ។ ការរឹតបន្ដឹង លើការជជែកវែកញែក ការពិភាក្សា និងការអប់រំអំពីរបបខ្មែរក្រហម តាមរយៈច្បាប់នេះអាចនឹងធ្វើឱ្យមានផលប៉ះពាល់ ជាខ្លាំងដល់ជនរងគ្រោះ ជាជាង អត្ថប្រយោជន៍ដល់ពួកគាត់ ។ ដូច្នេះច្បាប់នេះគឺជាទាញយកផលប្រយោជន៍ផ្នែក នយោបាយពីប្រវត្ដិសាស្ដ្រប្រទេសកម្ពុជាមុនពេលការបោះ ឆ្នោត។ នេះក៏ជាការគួរ ឱ្យខ្មាសអៀនផងដែរ ដែលរដ្ឋាភិបាលមិនធ្វើឱ្យស្ថានភាពសេរីភាពបញ្ចេញមតិ ប្រសើរឡើង ដូចជាច្បាប់ស្ដីពីការទទួលព័ត៌មានត្រូវបានពន្យារពេល យ៉ាងយូរ រាប់ឆ្នាំទៅវិញ”។

    យោបល់ខាងលើរបស់លោកអ៊ូ វីរៈ ដំបូងបំផុតបានបង្ហាញពីកង្វះខាត យ៉ាងធំលើភាពឡូហ្សិករបស់វា ព្រោះថាទោះជាដោយហេតុផលណាក៏ដោយ ការមិនទទួល ស្គាល់ថាមានឧក្រិដ្ឋកម្មខ្មែរក្រហមមិនអាចជារឿងត្រូវដាក់ការ សង្ស័យឡើយនៅលើទឹកដីកម្ពុជាទំហំជាង ១៨១ពាន់គីឡូម៉ែត្រក្រឡានេះ ហើយប្រការនេះក៏មិនមែនមានន័យថា ជាការការរឹតបន្ដឹងលើការជជែក វែកញែក ការពិភាក្សានិងការអប់រំអំពីរបបខ្មែរក្រហមនោះក៏ទេដែរ។ អ្នកអាច ជជែកពីអ្វីក៏បានដែរលើកលែងតែអ្នកសន្និដ្ឋានថាមិនមាន ឧក្រិដ្ឋកម្មខ្មែរក្រហម។ ជាង នេះទៅទៀត ច្បាប់នេះពិតជាអាចត្រូវបានប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បី បង្ក្រាបសំឡេងប្រឆាំងទៅបាន លុះត្រាណាតែសំឡេង ប្រឆាំងនិយាយឆ្កួតៗ អប់រំ មនុស្សឱ្យសង្ស័យថាគ្មានឧក្រិដ្ឋកម្មខ្មែរក្រហម ។ ពិតណាស់ការសន្និដ្ឋានថា គ្មានឧក្រិដ្ឋកម្មខ្មែរក្រហមគឺជារឿងឆ្កួតៗមួយដែលត្រូវតែបង្ក្រាបពីដើមទី ។ អ្នកណាក៏ដោយចុះអាចនិយាយថាគ្មានឋាននរក គ្មានឋានសួគ៌ តែអ្នកនោះ គ្មានសិទ្ធិនិយាយថាគ្មានឧក្រិដ្ឋកម្មខ្មែរក្រហមទេ ការនិយាយថាគ្មានឧក្រិដ្ឋកម្ម ខ្មែរក្រហមនៅទីនេះ ឬទីនោះ ដែលអ្នកឯកទេសទូទាំងពិភពលោកទទួលថាមាន ទៅហើយនោះ គឺជាចម្កួតមួយដែលត្រូវតែបង្ក្រាបកុំឱ្យវាដុះឫសបាន។

      មានសំណួរមួយសួរថា តើហេតុអ្វីក៏ ម.ស.ម.ក ប្រឆាំងនឹងច្បាប់នេះ ឬមួយ ក៏នេះជាកិច្ចការរបស់ក្រុមសិទ្ធិមនុស្ស? វាទំនងជាមិនមែនអ៊‌ីចឹងទេ ប្រសិនបើដើមចម នៃរឿងនេះមិនមែនលោកកឹម សុខា មានន័យថាបើមិនមែនលោកកឹម សុខា ជាអ្នកនិយាយទេនោះ មិនច្បាស់ទេថា ម.ស.ម.ក ជំទាស់។ ចំណុចនេះហាក់មាន ន័យថាគេមាន របៀបវារៈនយោបាយមួយ ហើយរបៀបវារៈនយោបាយនោះ គឺ ត្រូវតែការពារលោកកឹម សុខា លើគ្រប់តម្លៃទាំងអស់។

    ជាមួយសេចក្ដីថ្លែងការណ៍នេះ ម.ស.ម.ក បានធ្វើឱ្យតម្លៃរបស់ខ្លួនធ្លាក់ចុះ ហើយការភ្ជាប់ករណីយឺតយ៉ាវក្នុងការបង្កើតច្បាប់ស្ដីពីការទទួលព័ត៌មាន ដើម្បីចំអក ឱ្យរដ្ឋាភិបាលដែលជំរុញឱ្យចេញច្បាប់ “ការប្រឆាំងការមិនទទួលស្គាល់ ឧក្រិដ្ឋកម្មដែលប្រព្រឹត្ដឡើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ” នោះ វាអាច ជារបៀបមួយនៃ លទ្ធិសូហ្វីស (Sophism ) ដែលតែងតែប្រើប្រាស់ទឡ្ហីករណ៍ ក្លែងក្លាយ ដើម្បីបោកបញ្ឆោតគេឯង។
    ត្រូវតែធ្ងន់ដៃចំពោះជនណាក៏ដោយ ដែលនិយាយថាគ្មានឧក្រិដ្ឋកម្មខ្មែរ ក្រហម នេះមិនមែនជាសិទ្ធិនៃការបញ្ចេញមតិទេ៕  ប.សីហា

Additional information