ឆ្កែ​ព្រុស​មនុស្ស​ដើរ (​បទ​ជាប់​ទង​)

ជាទំនុក                ទុកសំណល់            សល់សំណៅ
ចាស់ប្រដៅ           ខ្លៅឬប្រាជ្ញ              អាចយល់បាន
តាមទំនាក់            ទាក់ទំនង                ទងលំអាន
ពីបុរាណ               បានរន្ទឺ                   ឮសុសសាយ ។


លោកវាចា             ថាកោកៗ               សោក-ត្រ-ដឹក
ត្រដោកសឹក          ថ្នឹកគ្រប់មាត់            ស្ទាត់ភិប្រាយ
លាន់តែតៗ            ឆ្អែតពោះគោ           ធ្លោមាំកាយ
គោស្រស់ស្រាយ    ក្លាយជាស៊ាំ            ទ្រាំវាចា ។
ជាតិត្រដោក          ស្រោក-កែកៗ          ស្រែកជេរស្ដី
គោធ្វើហី               ឆីសម្រួល               ស្រួលជីវា
លុះសូរេច             ស្រាច់គ្រប់សព្វ        ចប់ភោក្ដា
ឆ្អែតអាហារ           គ្មា-វា-ជាន               គ្មានតបត ។
ដោយត្រដោក       ស្រោក-កែកៗ           ស្រែករាល់ដង
ត្រូវគេចង            ដង-ចំ-ណោយ          ដោយនូវក
នៃសត្វគោ            រោទ៍វ៉ោកៗ               កោក-ត្រ-ដ
គោមិនត              ក៏ត្រដោក                ស្រោក-កែកៗ ។
ងាកមកគិត           មិត-រឿង-ពើល        មើលរឿងថ្មី
នាវិថី                   ស្រីប្រុសថ្មើរ            ដើរប្លែកៗ
សុនខផ្ទុះ              ព្រុសចំកោង             ផ្លោងសម្រែក
ថ្មើរឥតប្លែក           ស្រែកតាមចិត្ដ          ត្បិតវាឆ្កែ ។
ឆ្កែនៅព្រុស           មនុស្សនៅដើរ          ថ្មើរមិនឈប់
ទោះថ្ងៃយប់           គប់-មិន-ឆ               ក៏នៅតែ
ដើរខែងរ៉ែង           ក្មែង-ខ្លាច-គ្រាន        គ្មានខ្លាចឆ្កែ
រាល់ខួបខែ            ឆ្កែអ្នកព្រុស            មនុស្សអ្នកដើរ ៕
                   

និពន្ធដោយ ខឿន សាឃាង

Additional information