គួរ​ខ្វល់ និង​មិនគួរ​ខ្វល់​

ស្អែកគង់ថ្ងៃរះ នៅថ្ងៃស្អែក                        យប់ទោះយំស្រែក នៅតែយប់
គ្រប់យ៉ាងកើតឡើង ពេលហេតុគ្រប់            ព្រួយទល់ព្រួយទប់ នាំតែព្រួយ ។


ប្រៃ ជាតិសមុទ្រ នៅតែប្រៃ                       ជួយឆ្នើមជួយច្នៃ មិនអាចជួយ
ស្ទួយឱ្យវាសាប មិនអាចស្ទួយ                    កូនទោះហៅក្មួយ នៅតែកូន ។
ខ្វល់រឿងស្រាយបាន មិនត្រូវខ្វល់               សូន្យនឹងមកដល់ ពេលត្រូវសូន្យ
ក្បូនថាសំពៅ នៅតែក្បូន                         តាថាជីដូន នៅតែតា ។
គិតអ្វីធ្វើអ្វី ដែលត្រូវគិត                            ការឆ្ងាយការជិត ខំធ្វើការ
ថាគិតនឹងធ្វើ ធ្វើគិតនឹងថា                        កុំខ្វល់កិច្ចការដែលត្រូវកុំ ។
អ្វីស្រាយមិនបាន ខ្វល់ធ្វើអ្វី                       ផ្ដុំផ្ដើមនាំក្ដី មិនត្រូវផ្ដុំ
សុំព្រះឱ្យជួយ មិនត្រូវសុំ                          ធ្វើទើបថ្កើងថ្កុំ មកពីធ្វើ ៕
                និពន្ធដោយ ៖ ខឿន សាឃាង

Additional information