​អក្សរ​ខ្មែរ​កាព្យ​រំលឹក​អំពី​អក្សរ​ពាក្យ​៧

អក្សរខ្មែររុងរឿងដោយសារខ្មែរ                      ពុំហ៊ានបំបែរឱ្យភ្លាត់ខុស
ជនខ្មែរគ្រប់គ្នាទាំងស្រីប្រុស                          ពុំហ៊ានបង្ខុសឱ្យខូចបង់ ។
ជនខ្មែរស្រុះគ្នាលើកតម្កើង                            ដំឡើងពាក្យពេចន៍ដោយផ្ចិតផ្ចង់
ខ្មែរជាគ្រហស្ថខ្មែរជាសង្ឃ                           ខំប្រឹងតម្រង់អក្សរជាតិ ។


អក្សរវិបត្ដិជាតិវិបត្ដិ                                     ខ្ចាយខ្ចាត់រាត់រាយក្លាយឃ្លៀងឃ្លាត
ហេតុនេះខ្មែរយើងកុំរវាត                             ត្រូវរក្សាជាតិឱ្យរឹងប៉ឹង ។
បើដឹងមិនដល់កុំធ្វើចេះ                                ចំណេះតិចតួចស្ដួចស្ដើងស្ដឹង
បើចង់ច្បាស់លាស់ត្រូវខំប្រឹង                        កុំដេកសម្លឹងឱ្យចេះឯង ។
ចំណេះកើតមានព្រោះការរៀន                      កម្ជិលអៀនប្រៀនកុំសម្ដែង
ធ្វើឱ្យគេស្ងើចគេកោតក្រែង                          ស្លាប់ស្លែងទេកុំរិះគន់គេ ។
ត្រូវរិះគន់ខ្លួនឯងជាមុន                                កុំឱ្យស៊យស៊ុនខុសទទេ
បើឆ្ងល់ពុំយល់ត្រូវសួរគេ                              ឥតថោកអ្វីទេថ្លៃទេតើ ។
បុរាណថាថោកអីនឹងដៃ                                ថ្លៃអីនឹងមាត់ពោលសើវ៉ើ
រៀនទៅសួរទៅទើបគ្រាន់បើ                         អើពើចង់ចេះប្រសើរណាស់ ។
ចាស់ថាបើល្ងង់កុំធ្វើចេះ                               បើមានចំណេះឱ្យជាក់ច្បាស់
បើស្ដើងហើយចង់ឱ្យបានក្រាស់                     ត្រូវថែមកម្រាស់ផ្សំសាច់គ្នា ។
អបស្ទបប៉ះប៉ុនយកកម្រាស់                           កុំចាំងកុំច្រាសហួសមាត្រា
ប៉ះផ្សំផ្គុំភ្ជិតទើបកើតជា                                 ទោលឬបន្ទារមួនជាងមុន ។
បើចេះអក្សរនិងភាសា                                  នៃជាតិណាៗកុំជ្រុលស៊ុន
ងាប់សព្ទប្រែស្រាយក្លាយជាប់កុន                   សុនត្រុនប្រែស្រាយឃ្លាតក្ដីពិត ។
កាលដែលប្រារឰនឹងប្រែស្រាយ                     ត្រូវគិតនាយអាយដោយពិនិត្យ
ឱ្យឃើញសេចក្ដីជាខ្មែរពិត                            សឹមប្រែកុំផ្ដិតតាមពាក្យគេ ។
ត្រូវប្រែឱ្យមកជាសេចក្ដី                                ដែលខ្មែរប្រុសស្រីអាចរិះរេ
ស្ដាប់យល់មិនឆ្ងល់ទើបហៅប្រែ                      ត្រឹមត្រូវតាមរូបសេចក្ដីពិត ។
អ្នករៀនភាសាជនបរទេស                             ទ្វេធ្វេសដោយការឥតបើគិត
កាលខ្លួនកំពុងរៀនប្រឹងប្រិត                           ប្រែផ្ដិតឱ្យចំតាមរូបសព្ទ ។
ភ្លេចនឹកគិតមកភាសាខ្លួន                               ឱ្យយល់សំនួនដែលងាយស្ដាប់
សម្លឹងសង្កេតតែរូបសព្ទ                                 ក៏ស្រាប់តែប្រែខុសទាំងស្រុង ៕
            និពន្ធដោយ សម្ដេចព្រះសុមេធាធិបតី ជួន ណាត

Additional information