កំពូជ​ចៃ​ឆ្កែ​

ខ្លោចចិត្ដអាណិតឆ្កែនេះណាស់                    ដំបៅដេរដាសរុករលួយ
ចៃកើតរងោកក្បាលរងួយ                          ចំតិតក្ដិតពួយស៊ីមិនឆ្អែត ។


ឆ្កែឈឺទ្រុឌទ្រោមស្គមកំព្រឹង                       ស្បែកដណ្ដប់ឆ្អឹងពោះគ្រហែត
ចៃធាត់ទ្រលុកមុខដូចប្រេត                        ស៊ីឆ្អល់ហល់ឆ្អែតដេកឆ្អឹសឆ្អិត ។
ឆ្កែខំស្វិតស្វាញក្រាញស្វះស្វែង                   ទើបបានឆ្អឹងឆ្អែងយកមកលិទ្ធ
ជួនខាំគ្នាឯងប្ដូរជីវិត                                  ចៃវិញជំរិតយឹតចម្រាញ់ ។
វាស៊ីទាំងសាច់ដាច់ទាំងឈាម                     ក្បាលវារវាមទាមប្រវ័ញ្ច
អង្កែអេះផុយស្អុយចេញខ្លាញ់                      ចៃបូមម៉ាឆ្ងាញ់ឆ្ងាញ់ផ្ដាំងាប់ ។
កូនចៅផៅញាតិជាតិជាចៃ                          ពងញាស់រាល់ថ្ងៃក្រៃសន្ធាប់
ទាំងពូជបឺតឈាមអង្កៀមជាប់                      ដល់ឆ្កែក្បែរងាប់ទើបរកថ្មី ។
សត្វនេះលោតហក់ឆ្មក់រហ័ស                      ឃើញច្បាស់ឱកាសខាំក្រញ្ញី
ឆ្លងពីឆ្កែមួយដល់ឆ្កែបី                                ចៃប្រេតអប្រិយរស់ព្រោះគេ ។
ឃើញហើយស្រណោះដល់ឆ្កែណាស់           សាងកម្មអ្វីក្រាស់ពីបុព្វេ
គេឆ្អើមច្រាសឆ្អេះចាក់ចោទជេរ                    អភ័ព្វម្ល៉េះទេ!មួយជីវិត! ៕
ដោយ ៖ សេកសែន កុសល

Additional information