កូន​ក្អែប​និង​មេ​ក្អែប (​បទ​ពាក្យ​៧)

នៅថ្នាក់មត្ដេយ្យអ្នកគ្រូថា              “មើលកូនៗណាឆ្លើយសំណួរ
បានសមរម្យពេលចប់គ្រូសួរ            តើកូនមានខួរក្បាលវៃទេ? ។


មេក្អែបមានកូនប្រាំមួយនាក់            រាល់ថ្ងៃទទ្រាក់គ្មានទំនេរ
រកចិញ្ចឹមកូនប្រឹងរិះរេ                     លៃលកផ្ទុកផ្ទេរឱ្យកូនក្សាន្ដ ។
បាក្អែមខំជួយចិញ្ចឹមដែរ                  រាល់ថ្ងៃឥតល្ហែពុំដែលខាន
ប្រឹងណាស់ឱ្យគ្រួសារក្អែបបាន        ជួបក្ដីសុខសាន្ដក្នុងគ្រួសារ ។
ថ្ងៃមួយមេក្អែបមកដល់ផ្ទះ               កូនពៅរូតរះប្រាប់ហេតុការណ៍
ស្រាប់មេក្អែបដួលដេកពោះផ្ងារ        ទើបមកពីផ្សារបាត់ស្មារតី ។
ចូរកូនឆ្លើយមើលរឿងយ៉ាងណា?      មេក្អែបដាច់ផ្ងារដួលដេកដី...?!”
កូនសិស្សទីមួយឈរស្រដី               “គឺមកពីប្ដីមានស្រីក្រៅ? ។
ទើបមេក្អែបរន្ធត់ចិន្ដា                     ខឹងណាស់ដាច់ផ្ងារព្រោះចិត្ដក្ដៅ
ភ្លើងប្រច័ណ្ណប្ដីដុតកម្ដៅ                   មានអ្នកឆាឆៅជ្រែកស្នេហា?” ។
កូនសិស្សទីពីរឆ្លើយថា “ទេ!             បើតាមកូនគ្នេរ-កូនក្អែបថា
បងក្អែបទាំងប្រាំដាច់ជីវ៉ា                 ដោយមនុស្សាឱ្យមាន់ជល់ ។
ធ្វើចំណីប៉ូវកម្លាំងមាន់                     ឱ្យខ្លាំងបន្ទាន់ជាចន្ទល់
ក្អែបបងទាំងប្រាំល្ងង់ងងល់              ដើរលេងវិលវល់ទាល់ស្លាប់ប្រាណ!”។
អ្នកគ្រូថា “កូនឆ្លើយបានសម           ហើយក៏បានចំហេតុលំអាន
គួរសរសើរប្រាជ្ញដ៏ថ្កើងថ្កាន             គំនិតចំណានសមហេតុផល!” ។
ស្រាប់សិស្សម្នាក់ឆ្លើយ                   “មិនត្រូវទេ!បើតាមកូនគ្នេរ កូនពៅផ្ដល់
សំណើទៅម្ដាយឱ្យគាត់ខ្វល់           ទៅជាកើតខ្យល់បាត់ស្មារតី ។
គឺក្អែបពៅរំអុក-ឡាំប៉ា                    ពេលម៉ែទៅផ្សារគ្មានប្រណី
កូនកើតមកហើយដើរផ្ទាល់ដី          គ្មានស្បែកជើងថ្មីពាក់កម្សាន្ដ ។
ពេលនោះមេក្អែបកើតរន្ធត់             អារម្មណ៍រលត់ចេញពីប្រាណ
រកលុយឯណាទិញឱ្យបាន            ជើងកូនប្រមាណសិបគូនោះ!?” ៕
                និពន្ធដោយ ៖ ស៊ិន ទូច

Additional information