អូ​តែ​ល​ផ្កាយ​ប្រាំពីរ​!!! (​បទ​ពាក្យ​៧)

ពូម្នាក់ញៀនញ៉ាមគ្មានទំនេរ            ខារ៉ាអូខេ ច្រៀងរាល់យប់
អធ្រាត្រដល់ផ្ទះឱនមុខជ្រប់              យកដៃគោះផ្ទប់ទ្វារហៅថា ។
“យាយប៉ិ!ឆាប់បើកទ្វារឱ្យប្ដី!”            គ្មានឮសម្ដីតបយ៉ាងណា
ស្រាប់ធ្លាក់កន្ទេលមួយស្រស់ថ្លា        អត់មានវាចាតបវិញសោះ ។
“ម៉ែវា!ម្ដេចក៏ស្ងាត់ខ្លាំងម្ល៉េះ?              យ៉ាងម៉េចអ៊‌ីចេះបែបក្រៀមក្រោះ
គ្មានពាក្យតបតែមានមុងហោះ           ធ្លាក់ចំប្រឡោះកន្ទេលមុន ។
“អូនសម្លាញ់!ប្រុងធ្វើអីហ្នឹង?            ឬក៏អូនខឹងប្ដីយប់ស៊ុន?”
គ្មានសូរសៀងឆ្លើយពេលយប់យន់    ពូយើងចង់គ្រុនលែងហ៊ានស្ដី ។
ស្រាប់ខ្នើយហើរធ្លាក់ចំលើមុង           ងងឹតស្ទុងៗខឹងលែងខ្ចី
ខ្ជិលគិតគូរច្រើនរឿងស្រីៗ               ចងមុងផ្ទាល់ដីដេកមុខផ្ទះ ។
ប្រពន្ធមិនឮប្ដីហៅទៀត                   លបបើកទ្វារឆ្លៀតយ៉ាងរូតរះ
បង្ហើបទ្វារចេញប្រុងព្រលះ              ប្ដីយកជើងតះឱបផ្ដួលទៅ ។
ស្ដីមិនទាន់ទេព្រោះជាប់មាត់            មាត្រា-បន្ទាត់-ច្បាប់ពាលពៅ
លោកប្ដីកំហិលដឹងរាក់ជ្រៅ              អង្អែលគល់ភ្លៅ...បញ្ចប់រឿង! ។
ចៃដន្យថ្ងៃរះប្ដីភ្ញាក់ឡើង                  មុខសើងមម៉ើង តែនៅសឿង
ខ្មាសមិត្ដមកលេងអៀនមុខលឿង      រៀបតុគ្រៅគ្រឿងទទួលក្លើ ។
ក្លើក៏សួរថា“សុខជាទេ?”                  ពូយើងគិតគ្នេរអួតថា “អើ!
យប់ម៉ិញសំណាងខ្ញុំគ្រាន់បើ            បន្ទាប់ពីដើរដេកអូតែល ។
ថ្នាក់ផ្កាយប្រាំពីរឯណោះណា           ពិសេសអស្ចារ្យល្អក្រាស់ក្រែល
ម្ចាស់ដឹងចិត្ដភ្ញៀវចង់ហក់ហែល        បបោសអង្អែលសព្វបែបយ៉ាង ។
ចង់អីបានភ្លាមឆាប់ទាន់ចិត្ដ              បម្រើផ្ដេកផ្ដិតថ្មីសន្លាង
ចង់ភ្លាមបានភ្លែតដូចខ្ញុំអាង              ក្លើឯងសំណាងចាញ់ខ្ញុំទេ!” ។
ក្លើក៏តបវិញបែបផ្ដែផ្ដាំ                    “អូតែលផ្កាយប្រាំបែបត្រូវគេ
បង្ខំចិត្ដបិទ រួចហើយផ្ទេរ                 នាទីកើនទ្វេ ផ្កាយប្រាំពីរ!?”  ៕
                    និពន្ធដោយ ៖ស៊ិន ទូច

Additional information