សារុង​ប្រពន្ធ​តា​! (​បទ​ពាក្យ​៧)

ព្រះសូរ្យទន់ទេររេលិចទៅ               មនុស្សរកលំនៅគ្រប់អាត្មា
ក្នុងខ្ទមស្លឹកមួយយាយនិងតា            វិលពីចម្ការសម្រាកកាយ ។


យាយប្រញាប់ដៃដណ្ដាំស្ល               តាក៏ចេញចរទៅស្រែឆ្ងាយ
រាយសន្ទូចរកត្រីទាំងឡាយ              គ្រាន់បញ្ឆោតបាយចូលក្រពះ ។
បាយរួចយាយរៀបចំលាងចាន        តាចូលសម្រាន្ដយ៉ាងរូតរះ
យាយអុជធូបថ្វាយជំនាងផ្ទះ            សូមឱ្យប្រទះតែក្ដីសុខ ។
ងាកមើលទៅតាកំពុងលក់                ពេលថ្ងៃហត់វក់ឮស្រមុក
យាយវែកមុងចូលសម្រាន្ដផ្លុក           ផ្ទៃមេឃគ្របស្រុកខ្មៅប្រផេះ ។
វាយោត្រជាក់នាពេលយប់               បោកបក់មកផ្ទប់ធូបដុតឆេះ
បែកចេញផ្កាភ្លើងដូចដែកកេះ            ខ្ចាត់ខ្ចាយរបេះប៉ះជញ្ជាំង ។
រាលហុយជាផ្សែងបែងជាភ្លើង           ក្ដៅយាយតាយើងភ្ញាក់ភ័ន្ដភាំង
ខំក្រោករត់ចេញទាំងនៅគាំង            ភ្លើងក្រហមងាំងលេបផ្ទះអស់ ។
បានតែខោអាវជាប់នឹងខ្លួន                អ្នកភូមិទុក្ខផ្ទួនខ្ទេចរបស់
អគ្គីត្របាក់ឆីស្រស់ៗ                       គ្មានក្ដីស្រណោះមេត្ដាឡើយ ។
ក្រោយឆេះក្រុមសង្គ្រោះមកដល់        ចុះចែកបានផ្ដល់ការតបឆ្លើយ
អង្ករ-សារុង-ប្រាក់រួចហើយ               អ្នកភូមិបានស្បើយទុក្ខមួយគ្រា ។
ថ្លែងពីចោរម្នាក់វាដាច់យ៉ៃ                 សម្គាល់ពីថ្ងៃតាមក្បួនវា
លុះដល់ជិតភ្លឺចោរពុះពារ                លបទៅទាញលាសារុងយាយ ។
យាយស្មានតែតាត្រូវការកាយ           សម្រួលនាយអាយឱ្យវាងាយ
ឆ្វេងហើបឆ្វេង-ស្ដាំហើបស្ដាំជាយ       តែមាត់មិនធ្លាយចេញវាចា ។
ទាញផុតចុងជើងយូរមកហើយ          ចុះហេតុម្ដេចឡើយបាត់រូបតា
យាយបើកភ្នែកមើលភ្ញាក់កាយា          ឃើញតាយាត្រាពីចាប់ត្រី ។
ហួសចិត្ដនឹងខ្មាសដល់អាចោរ            មិនហ៊ានឆោឡោក៏ស្រដី
“ខ្ញុំស្មានតាត្រូវការអីៗ                       បាត់សារុងថ្មីទាំងព្រលឹម” ៕
            និពន្ធដោយៈ ស៊ិន ទូច

Additional information