ទស្សវត្សរ៍​បត់​ឆ្ងាយ​នៃ​វប្បធម៌​មួយ (​បទ​ពាក្យ​៨)

អត្ថន័យនេះពិតមិនមែនព្យាករណ៍            សូមខ្មែររងើបឈរសម្លឹងឱ្យឆ្ងាយ
ពីតូចដល់ធំក្រមានទាំងឡាយ                 ទសវត្សរ៍បត់ឆ្ងាយវប្បធម៌នៃយើង ។


គួរឱ្យសោកស្ដាយទាំងមិនជឿសោះ          វប្បធម៌ធ្លាក់ជ្រោះអស់ក្ដីរុងរឿង
ឈុតឆាកលាយពណ៌គេថាថ្កុំថ្កើន             ឱ្យខ្មែររុងរឿងតើពិតឬអី? ។
សារធាតុវិវត្ដន៍ផ្លាស់ប្ដូរទៅណា                វប្បធម៌ពាលាក្រាលក្រោមបុរី
ចាស់ក្មេងបាត់បង់...ខើចវិន័យ                ស្អុយគេកាឡៃជាខ្នាតបន្ទាត់ ។
ឧបមាថាពិតខែដូចគ្មានន័យ                   ទៅវិស័យវប្បធម៌បរិសុទ្ធ
មរតកគេសាងដើម្បីតែមាត់                    ស្អាតស្អាងធំធាត់ទ្រព្យត្រួយអាត្មា ។
ជាតិមួយប្រួលប្រែព្រោះតែរង្គើ                វប្បធម៌ភ្លីភ្លើតិរ្ថិយ៍ឫស្យា
មនុស្សបាត់សារជាតិបម្រើមហិច្ឆតា         ប្រែប្រួលតាមគ្នាមូលទីជាន់ជើង ។
បើសិនយើងគិតត្រឹមតែលម្អ                    អ្នកមើលត្រេកអរមិនថាគេយើង
ប្រហែលមិនខ្វះអ្នកជួយទ្រជើង                លើកស្ទួយតម្កើងហិចហើរសប្បាយ ។
ប៉ុន្ដែសារធាតុវាឃ្លាតបាត់ហើយ                សម្បកនៅឡើយគេខំប្រញាយ
នរៈពានរចេញចរសប្បាយ                      ពើងទ្រូងលើកស្ពាយវប្បធម៌អប្រិយ ។
អ្នកធ្លាប់អួតអាងតូងតាងហារមាត់              ឥឡូវបែរភ្លាត់ជ្រួលជ្រើមពេញដី
គេហារឯងហក់តក់ម៉ក់ប្រល័យ                 វប្បធម៌ឱ្យខ្លីជាតិជននៃខ្លួន ។
ទង់ជាតិតំណាងសាងពីព្រលឹង                  វត្ដជាលំនឹងតម្កល់ច្បាប់ក្បួន
ចរិយាថ្លៃថ្នូរជាសីលមាំមួន                       មនុស្សខ្មែរគ្រប់ជននោះជាអ្នកណា?។
ជាតិបើវាខ្លីនោះពិតមែនឬ                       គេខ្ពស់ឯងព្រឺស្ញប់ស្ញែងអាត្មា
លើកស្ទួយសង្គមនិយមដុល្លារ                  មិនដឹងសោះថាអាចក្ដីអន្ដរាយ ។
បើយើងមានចិត្ដហើយគិតបានម្ដង             មើលច្បាស់មិនឆ្គងសម្លឹងទៅឆ្ងាយ
នូវរស់ពិសពុលសង្គ្រាមអបាយ                 ប្រហែលសោកស្ដាយណាយក្ដីភ្លើតភ្លើន ។
បណ្ដាំកូនខ្មែរស្នេហ៍ត្រឹមទឹកភ្នែក                បេះដូងយំយែកមិនគិតថាផ្គើន
តែឆ្គងជម្រាបធៀបអ្នកភ្លើតភ្លើន                កុំបីធ្វើផ្គើនហើយគិតវាស់វែង ។
អ្នកណាទួញសោកបោកក្ដីអាល័យ             អាឡោះទឹកដីមាតុភូមិចម្បែង
ម្លប់ត្នោតដីខ្មែរហារទៅវាស្លែង                  កណ្ដោចកណ្ដែងថ្លែងអ្វីពុំបាន ។
អ្នកដែលស្នេហ៍ពិតគំនិតអ្វីស្ដាយ               មួយម៉ាត់ត្រួសត្រាយក្នុងន័យតម្កើង
តម្កល់សាវតារមិនថាគេយើង                    ដើម្បីរុងរឿងជាតិជនដូចគ្នា ។
កាលគិតមួយបែបវ៉ៃអែបសុំរស់                 មិនខ្វះអ្នកស្មោះត្រឹមពាក្យមួយឃ្លា
យ៉ៗចូលស្ទង់ធ្វើជ្រូកមាន់ទា                     ក្រួញក្រាបអាត្មានោះពិតមិនថ្វី ។
តែលកុំសាកស៊ូធ្វើទៅគ្រាន់                      ឱ្យដៃនាយទុនកុំភ្លេចនិស្ស័យ
ស្ដាយជាតិកំណើតកំណល់បុរី                   ឈាមជ័រកាឡៃកុំច្នៃមាតុភូមិ ។
សតិជាខ្មែរគួរតែកុំភ្លេច                            កាន់ខ្ជាប់ជានិច្ចនូវក្ដីសុខុម
សុខៈពោលគឺសន្ដិភាពនិយម                   នោះទើបសង្គមផ្ដុំមានរស្មី ។
បណ្ដាំខ្វើកៗបើកអស់លំអង                    ប្រមាត់សួតផងអន្ទងឃ្មាតខ្មី
ជម្រាបខេមរារាល់រូបប្រុសស្រី                 សូមលះបង់អ្វីកុំចោលអាត្មា ។
ហេតុនេះវប្បធម៌នៃយើងគ្រប់ប្រាណ        គឺជាសញ្ញាណបេះដូងខេមរា
មិនមែនវប្បធម៌ពាលាស្រីស្រា                  តែនោះឈ្មោះថា វប្បធម៌មួយពិត៕
                និពន្ធដោយ ៖ សេង សុអៀង

Additional information