នេះ​ឬ​ទម្លាប់​ខ្មែរ (​បទ​កាកគតិ​)

ចរិតខ្មែរ                   ដែលមានខ្លះ               ចាស់មកក្មេង
តែងវង្វេង                 លេងអ្វីមួយ                ជួយតែគេ


ហាក់មិនខ្វល់             យល់អំណាច              កាចដាក់ខ្មែរ
ផ្ដើមហែកកេរ្ដិ៍            ជេរដៀលពូជ              ខូចខ្លួនឯង ។
ដូចខឹងគោ                មោហ៍មកបាំង             តាំងរើរូស
ទាញរបស់                ចោលទាំងស្រស់         គ្មានគិតក្រែង
រឿងមិនពិត               គិតតែត្រូវ                  ហៅគេឯង
មកជ្រោមជ្រែង           ក្លែងបង្ខុស                 អស់សខ្មៅ ។
ជាចរិត                     ថ្នឹកដល់កូន                 សូន្យចាកភ្លឺ
ល្បីរន្ទឺ                      ឮតែទាស់                   អស់ប្រាជ្ញនៅ
មិនពិចារ                   ថាអ្វីល្អ                      សជាខ្មៅ
គិតៗទៅ                   នៅមិនផុត                 ពុតខ្មែរសោះ ។
រឿងជាក់ស្ដែង            តែងឱ្យគិត                 ត្បិតមានមក
គេពួនជ្រក                 ភ្នក់យកចិត្ដ                ស្និទ្ធស្ម័គ្រស្មោះ
សាច់ចោលឆ្អឹង           ប្រឹងរិះរេ                   ជេរឆ្កែសោះ
មិនចេញឈ្មោះ          ឈ្លោះកូនគេ             ជេរដល់ឯង ។
ឆោតល្ងង់ខ្លៅ             គេដៅកូន                 សូន្យអ្នកក្រោយ
អ្នកណាឡើយ            សោយទុក្ខនេះ           ឆេះជាផ្សែង
បានជាខ្មែរ                 ខ្សែម្ចាស់ដី                ស្ដីឱ្យវែង
បើគេថ្លែង                  ស្ដែងពាក្យអ្វី              ស្ដីតបវិញ ។
មនុស្សដូចគ្នា             ជាអ្នកខ្លាំង                 រឹងអំណាច
បើគេកាច                  កាចដាក់ភ្លាម             ត្រៀមចេញធ្មេញ
កុំងាករេ                    ទេក្បត់ផិត                 ឥតចំណេញ
ពិតគេដេញ                ចេញពីដី                   ក្ស័យពូជហើយ! ៕
                          ដោយ ៖ សេង សុអៀង

Additional information