ត្រូវ​ស្គាល់​អ្វីដែល​គួរ​

ចិត្ដឥតខន្ដីរហ័សខឹងក្រោធ                  ចិត្ដអ្នកល្ងង់ឆោតឆាប់ជឿពាក្យគេ
ពាលហៅកុំទៅស៊ូនៅទំនេរ                 ស្អប់ពាក្យស្ដីជេរកុំនិយាយលេង ។


កុំដាំដើមល្ហុងនៅក្នុងសាគរ                 កុំយកដុំថ្មចម្រាញ់រកប្រេង
ក្នុងស្រែដាំស្រូវកុំដាំដើមត្រែង            បើខ្វះអំបែងកុំបំបែកឆ្នាំងថ្មី ។
កុំចង់ធ្វើពេទ្យក្នុងភេទជាសង្ឃ              កុំធ្វើតាមចង់បាត់បង់វិន័យ
ស្រឡាញ់ចីវរកុំស្ដាប់ពាក្យស្រី              កុំយកក្របីចងក្បែរកូនចេក ។
កុំអាងទាល់ច្រកពោលថាភ្លេចគិត          កុំអាលទុកចិត្ដសត្វពស់ចម្លែក
កុំយកពងមាន់ទៅផ្ញើនឹងក្អែក                កុំចាំថ្ងៃស្អែកជីវិតមិនទៀង ៕
            ដោយឧបាសក ៖ គុយ សុធន

Additional information